សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, August 4, 2026

ផ្ទះទេវតាទី៣៣៧ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនអតីតយុទ្ធជនពិការ នៅខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

 





នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន
លោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង
និងប្រពន្ធឈ្មោះ ខាត់ ក្តឹប អាយុ៥២ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គ្រួសារគាត់មានកូនចំនួន៨នាក់ (ប្រុស៤នាក់) ក្នុងនោះកូនៗ៧នាក់ ពួកគេមានគ្រួសារហើយបានបែកចេញទៅរស់នៅកន្លែងផ្សេងៗ និងសុទ្ធតែមានជីវភាពខ្វះខាត។ សព្វថ្ងៃពួកគាត់រស់នៅជាមួយកូនប្រុសពៅអាយុ១៥ឆ្នាំ និងចៅៗកំព្រាចំនួន៤នាក់ ក្នុងជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះគ្រួសារអតីតយុទ្ធជនដែលទទួលអំណោយផ្ទះនាពេលនេះ ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះ និងទឹកស្អាតដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ ព្រមទាំងនាំយកនូវកាតាបដែលមានសម្ភារៈសិក្សាជាច្រើនមុខ សំលៀកបំពាក់ មកចែកដល់សិស្សានុសិស្សនៅភូមិនេះចំនួន១២៥នាក់ផងដែរ៕



















Saturday, July 25, 2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។


លោកជំទាវបណ្ឌិត ក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។

ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
១.ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។
២.អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។
៣.យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
៤.សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។
៥.ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។

នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ​។ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia







Wednesday, July 22, 2026

ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។

តំណាងក្រុមហ៊ុននីមួយៗ ក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការវិនិយោគទាំងនោះ ឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។

ឯកឧត្តម Brian McFeeters បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតដោយត្រង់ៗថា ឯកឧត្តម និងប្រតិភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព ហើយរំពឹងថា ទស្សនកិច្ចលើកនេះ នឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញក្តីរំពឹងដែរថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕
















គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 



នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។  ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ គណៈប្រតិភូវិនិយោគិនកូរ៉េ បាន​បញ្ជាក់ថា​ គណៈប្រតិភូនេះ​ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម​ ក៏ដូចជា​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។   គណៈប្រតិភូ​វិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
 
ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM​ និង WorldBridge Group​ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ​ ជាខួប​លេីកទី៣០​ នៃការបង្កេីតទំនាក់ទំនងការទូតឡេីងវិញ​ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូត​កម្ពុជា-សាធារណរដ្ឋ​កូរ៉េនេះ,​ ទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។​ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីក​ការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត​ លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា​របស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត​ដល់វិនិយោគិន​,​ ការកែទម្រង់​ស្ថាប័ន​,​ ការធ្វេីសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដេីម។ បន្ថែមលើនេះ សម្តេច​ធិបតី​ក៏បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល​  ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់​ និងអន្តរជាតិ។
 
ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាព​អំណោយផលខ្ពស់ និងលេីកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ​ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕












🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia