សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Wednesday, October 1, 2025

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរសើរនិងមានមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នូវការកោតសរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេលើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ បើតាមលោកជំទាវអគ្គលេខាធិការ ភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទក្រហមកម្ពុជា ដែលដាក់គោលដៅពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ការលើកឡើងនូវសេចក្ដីផ្តាំផ្ញើប្រកបដោយក្ដីត្រេកអររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមអង្គសន្និបាតទាំងមូល បានថ្លែងថ្វាយព្រះរាជសព្ទសាធុកាពរថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសេចក្ដីគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈ សម្ដេច បានដឹកនាំតម្រង់ទិស និងបង្ហាញសកម្មភាពជាគំរូ ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទូទាំងប្រទេស ជាពិសេសចុងក្រោយនេះ គឺការជួយដល់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋវិលពីប្រទេសថៃ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងយុវជនស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលក្នុងរយៈកាលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់មូលដ្ឋាន ដើម្បីផ្ដល់ការគាំទ្រជូនប្រជាពលរដ្ឋ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការសកម្មភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋដែលវិលពីប្រទេសថៃ និងដែលមានការលំបាកក្នុងជីវភាព និងការចូលរួមឧបត្ថម្ភគាំទ្រដល់ពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន រងអំពើឈ្លានពានពីកងទ័ពថៃ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រៀមលក្ខណៈផ្តល់ការគាំទ្រសម្រាប់សភាពការណ៍ចំពោះមុខ ដែលអាចមានការប្រែប្រួលក្នុងការលៈទេសៈ នៃការទប់ទល់អំពើឈ្លានពាន បង្កឡើងដោយកងទ័ពថៃ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង មិនមែនត្រឹមតែទទួលខុសត្រូវលើកិច្ចការរួមចំណែកជួយសង្គ្រោះពលរដ្ឋក្នុងខេត្តនោះទេ ក៏ប៉ុន្តែក៏គាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ពលរដ្ឋនៅតាមតំបន់ព្រំដែនផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រៃវែង ដែលថ្មីៗនេះបានចូលរួមគាំទ្រនូវថវិកាសម្ភារៈ ស្បៀងអាហារជាច្រើនមកដល់រដ្ឋបាលខេត្ត សម្រាប់ការសម្របសម្រួលដឹកជញ្ជូន យកទៅផ្តល់ជូនដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ទាន់ពេលវេលា និងតម្រូវការ៕

0 Comments:

Post a Comment