Monday, October 20, 2025
សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT)
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។ ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។
0 Comments:
Post a Comment