(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមអ្នកវិនិយោគអាមេរិក និងអន្តរជាតិ គឺបានបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០២៤។
អនុប្រធានាធិបតី លោក JD Vance បានថ្លែងថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបានវាយតម្លៃក្នុងតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដោយដាក់តម្លៃជាលើកដំបូងលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ដែលតួលេខនេះគឺទាបជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគមួយចំនួន។ ក្រុមហ៊ុនមេរបស់ TikTok របស់ចិនគឺ ByteDance ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ប្រហែល ៣៣០ ពាន់លានដុល្លារ។ លោក ត្រាំ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមឃាត់កម្មវិធី TikTok រហូតដល់ថ្ងៃទី ២០ ខែមករា ដើម្បីផ្ដល់ពេលវេលាឱ្យក្រុមហ៊ុនទាញយកទ្រព្យសកម្មរបស់ TikTok នៅអាមេរិកចេញពីវេទិកាសកល ស្វែងរកអ្នកវិនិយោគអាមេរិក និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។លោក Vance បានសង្កត់ធ្ងន់ថា គោលបំណងគ្រឹះនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរក្សាប្រតិបត្តិការរបស់ TikTok ខណៈពេលដែលធានាថា ឯកជនភាពទិន្នន័យ របស់ប្រជាជនអាមេរិកត្រូវបានការពារដូចដែលច្បាប់តម្រូវ។ បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ចែងថា កម្មវិធី Algorithm (ប្រព័ន្ធណែនាំវីដេអូ) នឹងត្រូវហ្វឹកហាត់ឡើងវិញ (retrained) និងត្រូវបានត្រួតពិនិត្យដោយដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី ហើយប្រតិបត្តិការរបស់ Algorithm នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនេះ។លោក ត្រាំ បានថ្លែងថា លោកបាននិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយលោក ស៊ី បានប្រាប់លោកថា «បន្តធ្វើទៅ»។ ក្រុមហ៊ុនថ្មីនឹងត្រូវបានគ្រប់គ្រងដោយអាមេរិក (American-operated) ទាំងស្រុង។ ក្រុមអ្នកវិនិយោគដែលមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនប្រហែល ៥០% នៅក្នុង TikTok US ខណៈដែលក្រុមហ៊ុន ByteDance នឹងកាន់កាប់ភាគហ៊ុនតិចជាង ២០% ដើម្បីអនុលោមតាមតម្រូវការច្បាប់។លោក ត្រាំ បានប្រាប់ថា លោក Michael Dell (ស្ថាបនិកក្រុមហ៊ុន Dell Technologies) លោក Rupert Murdoch (ម្ចាស់ Fox News) និង «អ្នកវិនិយោគលំដាប់ពិភពលោក ៤ ឬ ៥ នាក់ផ្សេងទៀត» នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះ៕
https://www.reuters.com/world/trump-signs-order-declaring-tiktok-sale-plan-meets-us-requirements-2025-09-25/
0 Comments:
Post a Comment